(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យ និងបញ្ជាដោយផ្ទាល់ក្នុងប្រតិបត្តិការរុករក សិស្សសាលាលិចទូកនៅស្រុកលើកដែក ខេត្តកណ្តាល ក្បែរស្ពានអ្នកលឿង។
ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានយកចិត្តទុកដាក់ខ្ពស់ក្នុងប្រតិបត្តិការជួយសង្គ្រោះ និងរុករកក្មេងលិចទូកនេះ។ តាំងពីពេលទូកលិចភ្លាមៗ លោកបានចាត់បញ្ជូនមន្ត្រីជំនាញមុជទឹកពីអង្គភាពបោសសំអាតមីន និងកងទ័ពពិសេស៩១១ ចុះមុជរាវរកក្មេងៗរងគ្រោះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់ឱ្យដឹងថា ជាតុល្យការរហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្នុងចំណោមជនរងគ្រោះ១៥នាក់ បានជួយសង្គ្រោះ៤នាក់ នៅរស់រានមានជីវិត និងរកឃើញសព ៩នាក់ និងកំពុងបាត់ខ្លួន ២នាក់ទៀត។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជនរងគ្រោះដែលបាត់ខ្លួននោះ ក្រុមប្រតិបត្តិការរុករកនឹងបន្តរករហូតដល់ឃើញសពប្រគល់ជូនជនរងគ្រោះ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះ។
ទន្ទឹមនឹងការចូលរួមសម្តែងនូវការសោកស្តាយចំពោះថ្នាក់ដ៏អកុសលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមតំបន់លិចលង់ឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរឆ្លងកាត់ទឹក ឬឆ្លងកាត់តំបន់លិចលង់ កុំឱ្យកើតមានគ្រោះថ្នាក់ដល់អាយុជីវិត។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រជាពលរដ្ឋបានអះអាងថា ទីតាំងដែលលិចទឹកនេះ នៅរដូវប្រាំងទឹកគោកប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។ ក្នុងរដូវវស្សាពីរ៣ឆ្នាំកន្លងមកនេះ មិនដែលមានលិចបែបនេះឡើយ។ ទើបតែរដូវវស្សាឆ្នាំនេះ ទឹកបានឡើងលិចបង្កើតជាឧបសគ្គសម្រាប់ការធ្វើដំណើរបស់ពលរដ្ឋលើលើកោះចម្រើន។ បើតាមប្រជាពលរដ្ឋទីតាំងដែលទូកលិចនោះមានជម្រៅប្រមាណប្រមាណតែ៣ម៉ែត្រប៉ុណ្ណោះ។
ផ្តើមចេញពីគ្រោះអកុសលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហើបថា លោកនឹងជួបមន្ត្រីជំនាញសិក្សាកន្លែងកើតហេតុ ដើម្បីស្នើសុំរាជរដ្ឋាភិបាលសិក្សាលើកជាទំនប់ ឬស្ពានសម្រាប់សម្រួលការធ្វើដំណើរនៅរដូវវស្សាសម្រាប់ពលរដ្ឋលើកោះចម្រើន។
ជាការកត់សម្គាល់ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចុះរុករកជនរងគ្រោះទាំងយប់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោក គីម រីរៈ អគ្គលេខាធិការ នាំកម្លាំងចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់ផង។
ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។
ប្រតិបត្តិការបានធ្វើពេញមួយយប់ ហើយបន្តធ្វើរហូតដល់រសៀលថ្ងៃទី១៤ ខែតុលានេះ មិនទាន់បញ្ចប់នៅឡើយ៕