កីឡាជាតិ៖ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចកីឡាចំនួន ៣៨ប្រភេទ និងកីឡាប៉ារ៉ាឡាំពិកចំនួន ៧ប្រភេទ ដើម្បីរៀបចំក្នុងការប្រកួតកីឡាជាតិលើកទី៣ ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីការរៀបចំការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដែលរៀបចំឡើងក្រោមកិច្ចសហការចាំមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិទាំង ៣៨ នាខែក្រោយ។ កីឡាទាំង ៣៨ប្រភេទ និងកីឡាប៉ារ៉ាឡាំពិកចំនួន ៧ គឺមានវិញ្ញាសាប្រកួតសរុបចំនួន ៤០៥វិញ្ញាសាដែលត្រូវធ្វើឡើងនៅ ៥ទីតាំងផ្សេងៗគ្នារួមមានៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលជាគោលដៅត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖ ១-ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាលរួច ឲ្យអនុវត្តការរៀបចំការប្រកួតជាក់ស្ដែងលើទីលាន ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍។ ២-កីឡាករ-កីឡាការិនីបានវាស់ស្ទង់គុណផលកីឡា និងទទួលបាននូវបទពិសោធន៍នៃការប្រកួត។ ៣-រៀបចំទីលានប្រកួតឲ្យស្របតាមស្ដង់ដារតំបន់។ ៤-រៀបចំពិធីបើក-បិទឲ្យស្របតាមស្ដង់ដារស៊ីហ្គេម។ ៥-ជាការសាកល្បងចុងក្រោយ សម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជា។ យោងតាមប្រភពដដែលបានបញ្ជាក់ថា សម្រាប់ពិធីបើកការប្រកួតផ្លូវការគ្រោងធ្វើឡើងនាថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទនាថ្ងៃទី៣០ ខែវិច្ឆិកានៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕