ភ្នំពេញ៖ មុនពេលបើកកិច្ចប្រជុំជាផ្លូវការនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី១៣តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គមនិងវប្បធម៌អាស៊ាន ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជននិងកីឡានៃប្រទេសព្រុយណេដារ៉ូសាឡាម ចូលជួបសម្ដែងការគួរសម។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានទទួលស្វាគមន៍គណៈប្រតិភូទាំងមូល ហើយបានថ្លែងអំណរគុណប្រតិភូទាំងមូលដែលបានមកចូលរួមប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម និងវប្បធម៌អាស៊ានដោយផ្ទាល់។
សម្ដេច មានប្រសាសន៍ថា នៅក្នុងអាស៊ានយើងនេះមានសសរស្ដម្ភ៣៖ សសរស្តម្ភទី១.គឺសន្តិសុខ នយោបាយ.សសរស្តម្ភទី២ គឺសហគមន៍ សេដ្ឋកិច្ចនិងសសរស្តម្ភទី៣.គឺសហគមន៍ សង្គមវប្បធម៌ដែលយើងទាំងអស់គ្នាកំពុងតែចូលរួមប្រជុំនៅថ្ងៃនេះហើយសសរស្ដម្ភនេះសោតគឺមានសារៈសំខាន់ណាស់។
ក្នុងន័យនេះ សម្ដេចតេជោក៏បានលើកទឹកចិត្តឲ្យប្រតិភូទាំងមូលប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យដំណើរការនៃកិច្ចប្រជុំនេះទទួលបានលទ្ធផលជាផ្លែផ្កា៕