(ភ្នំពេញ)៖ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20» (P20) ចាប់ពីថ្ងៃទី ៥-៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «ការពង្រឹងតួនាទីសភាដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព»។
កិច្ចប្រជុំនេះត្រូវបានប្រកាសបើកក្រោមអធិបតីភាពរបស់ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី លោកស្រីបណ្ឌិត Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី និង លោក Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភានៃប្រទេសជាសមាជិក G20 ភ្ញៀវម្ចាស់ផ្ទះ និងអង្គការអន្តរជាតិចំនួនប្រមាណ ២០០នាក់ មកពីប្រមាណ ៣០ ប្រទេស។
កិច្ចប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗចំនួន ០៤ រួមមាន៖ ១-ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងសេដ្ឋកិច្ចបៃតង ២-បញ្ហាប្រឈមកំពុងលេចឡើង ស្តីពីសន្តិសុខស្បៀងអាហារ ថាមពល និងសេដ្ឋកិច្ច ៣-ប្រសិទ្ធភាពកិច្ចការសភានិងប្រជាធិបតេយ្យ រឹងមាំ និង ៤-បរិយាប័ន្នសង្គម សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្រ្តី។
ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសមជាមួយប្រធាន និងអនុប្រធានសភាមកពីប្រទេសអារ៉ាប់រួមអេមីរ៉េត ឥណ្ឌា អង់គ្លេស អាហ្សែបាយហ្សង់ សិង្ហបុរី ហ្វីជី ចិន កាហ្សាក់ស្ថាន និងប្រធាន IPU។ ក្នុងជំនួបនោះដែរ គណៈប្រតិភូអារ៉ាប់រួមអេមីរ៉េតបានឯកភាពជាគោលការណ៍ទទួលការអញ្ជើញរបស់រដ្ឋសភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ។
ដោយឡែក គណៈប្រតិភូកម្ពុជាក៏ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការកិច្ចសហប្រតិបត្ដិការអន្ដរសភានៃរដ្ឋសភាឥណ្ឌូនេស៊ី ក្នុងនោះគណៈប្រតិភូឥណ្ឌូនេស៊ីក៏បានបញ្ជាក់អំពីការចូលរួមរបស់ប្រធានសភាឥណ្ឌូនេស៊ីនៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជា ផងដែរ។
កិច្ចប្រជុំបានបញ្ចប់ដោយសម្រេចចេញនូវ «សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ» ដែលផ្តោតសំខាន់លើការពង្រឹងតួនាទីសភាក្នុងការជំរុញវប្បធម៌សន្តិភាព សមភាពយេនឌ័រ ភាពអត់ឱន និងសាមគ្គីភាពនៅក្នុងតំបន់និងពិភពលោក ដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងបានប្រកាសអំពីការរៀបចំកិច្ចប្រជុំ P20 លើកទី៩ ដែលរដ្ឋសភាឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕