(ភ្នំពេញ)៖ តបស្នងចំពោះការធ្វើពលិកម្មដ៏ធំធេងរបស់យុទ្ធជនពីររូប នៅក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាពលរដ្ឋលង់ទឹកដោយសារជំនន់ទឹកភ្លៀងនៅចំណុចអាងអង្ក្រង ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ នាពេលថ្មីៗនេះ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចដំឡើងឋានន្តរស័ក្កិជាកិច្ចបច្ឆាមរណៈ ថ្នាក់អនុសេនីយ៍ឯក (ស័ក្តិ៣) ជូនសពយោធិនពលីទាំង២នាក់។
យោធិនដែលពាលីនៅពេលជួយសង្គ្រោះក្មេងលង់ទឹកនោះគឺពលបាលឯក ឈន ស៊ីដេត អត្តលេខ ២៣៤៦៩០ យោធិននៅវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលខ៤២ យោធភូមិភាគទី៤ និងពលទោ វ៉ាន់ ថុល អត្តលេខ ២៣៤១៤២ យោធិននៅវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលខ៤២ យោធភូមិភាគទី៤។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន២នាក់ បានទៅបង់ត្រី នៅទីតាំងខាងលើក៏ប្រទះឃើញក្មេង២នាក់ កំពុងលង់ទឹកទើបចុះជួយសង្គ្រោះពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរគួចខ្លាំង បណ្ដាលឲ្យលង់ស្លាប់ទាំង២នាក់តែម្ដង។