(ភ្នំពេញ)៖ រដ្ឋសភា បង្ហាញលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលពី៦ ដែលបបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានចំនួន ៥ ដូចជា៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។
២៖ របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។
៣៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖
* លោក ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស លោក ប៊ូ ឡាំ ដែលបានទទួលមរណភាព
* លោក នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស លោក ជៀប ស៊ីវន ដែលបានទទួលមរណភាព។
៤៖ ការបោះឆ្នោតជ្រើសតាំង៖
* លោក ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា
* លោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភាតាមរបៀបវារៈ អង្គសភាបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖ ទី១៖ លោក ពេជ្រ ជីវ័ន អាយុ ៦៩ឆ្នាំ, ទី២៖ លោក សៀង ស៊ុតថង អាយុ ៧០ឆ្នាំ និងទី៣៖ លោក ស៊ូ ភិរិន្ទ អាយុ ៧០ឆ្នាំ៕