(ភ្នំពេញ)៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ទស្សនកិច្ចលើករបស់នាយករដ្ឋមន្ត្រីគុយបារូបនេះ បានធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រីក៏នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីគុយបា នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។
អំឡុងទស្សនកិច្ចផ្លូវការ លោកម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេស បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនង យូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជានឹងគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីគុយបា មកកាន់ប្រទេសកម្ពុជានេះ បានធ្វើឡើងប្រមាណ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចជាផ្លូវការលើកទី២ នៅក្នុងប្រទេសគុយបា។
អំឡុងទស្សនកិច្ចនេះ កម្ពុជា និងគុយបា បានប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈអនុស្សារណៈចំនួន៣ ត្រូវបានចុះហត្ថលេខា ក្នុងនោះរួមមាន៖ អនុស្សារណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងគុយ, អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានជាន់ខ្ពស់សម្រាប់ទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសគុយបា, គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការបរទេសគុយបា៕