សៀមរាប៖ អ្នកភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់លើពួកគេ ដោយបានជួយឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ដើម្បីសម្រួលដល់ជីវភាពរស់នៅ ដែលមិនទាន់មានលំនឹងល្អ។
អ្នកភូមិរុនតាឯក នៅពេលនេះ បានទទួលប័ណ្ណក្រីក្រ ដែលផ្ដល់ឱ្យដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្រៅពីទីតាំងរស់នៅ ដែលពួកគេបាននិយាយថា សម្ដេចពិតជាមានការយកចិត្ដទុកដាក់ ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ ដែលបានផ្លាស់ទីលំនៅថ្មី ដែលអាចជួយឱ្យពួកគេបានរួចផុតពីការលំបាក ច្រើនយ៉ាង។
ដើម្បីជាការលើកទឹកចិត្តប្រជាពលរដ្ឋ ដែលព្រមទៅរស់នៅភូមិរុនតាឯក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យធ្វើការអភិវឌ្ឍភូមិនេះ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដូចជា ត្រូវមានប្រព័ន្ធផ្លូវ ទឹក ភ្លើង សាលារៀន មណ្ឌលសុខភាព ពិសេសគឺត្រូវធ្វើឱ្យតំបន់នេះ ក្លាយទៅជាកូនក្រុងមួយរបស់ខេត្តសៀមរាបផង៕