(មូស្គូ)៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «កំហុសទាំងអស់» ដែលកើតមានឡើងនៅក្នុងការកែនទ័ព ដើម្បីពង្រឹងប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវតែកែតម្រូវ ដែលនេះជាការទទួលស្គាល់ជាសាធារណៈលើកដំបូងរបស់លោកថា «ការកែនទ័ពមួយផ្នែក» ដែលលោកផ្ទាល់ បានប្រកាសកាលពីសប្តាហ៍មុន មិនដំណើរការដោយរលូននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ក្រោយការប្រកាសកែនទ័ពរបស់លោក ពូទីន នាពេលថ្មីៗនេះបាននាំឲ្យមានការមិនពេញចិត្តជាសាធារណៈពីមន្ត្រី និងប្រជាពលរដ្ឋរុស្ស៉ីទូទៅ ហើយ បុរសៗរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រទេស។ លោក ពូទីន បានថ្លែងថា «ក្នុងកំឡុងពេលនៃការកែនទ័ពនេះមានសំណួរជាច្រើនកំពុងត្រូវបាន ចោទសួរ ហើយកំហុសទាំងអស់ត្រូវតែកែតម្រូវ និងការពារមិនឲ្យកើតមានកំហុសជាថ្មីទៀតនាពេលអនាគត។ ជាឧទាហរណ៍, ខ្ញុំកំពុងគិតថានឹង លើកលែងចំពោះឪពុកដែលមានកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ ឬអ្នកដែលមានអាយុចាស់ជរាទៅហើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ វិមានក្រឹមឡាំង បានទទួលស្គាល់ថាមានកំហុសដែលចេញពីអភិបាលតំបន់ និងក្រសួងការពារជាតិ។ ប៉ុន្តែ លោក ពូទីន មិនបានស្តីបន្ទោសចំពោះក្រសួងដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ ដែលជាមិត្តជិតស្និទ្ធរបស់លោក គឺលោក សឺហ្គៃ សយហ្គូ ឬមន្ត្រីក្នុងតំបន់នោះឡើយ ដោយគ្រាន់តែណែនាំឲ្យធ្វើការកែតម្រូវជាថ្មីឡើងវិញប៉ុណ្ណោះ៕