បាល់ទាត់៖ អតីតកីឡាករជម្រើសជាតិនីហ្សេរីយ៉ា John Obi Mikel បានសំរេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយនៅក្នុងវ័យ ៣៥ឆ្នាំ។ ក្នុងរយៈពេល ១៨ឆ្នាំនៃអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន John Obi Mikel និយាយថា ពេញចិត្តនៃអ្វីដែលបានឆ្លងកាត់ និងសមិទ្ធផលនៃអាជីពរបស់ខ្លួន។
ខ្សែបម្រើដែលធ្លាប់លើកពាន UEFA Champions League ជាមួយ Chelsea កាលពីឆ្នាំ២០១២ ធ្លាប់លេងឱ្យជម្រើសជាតិនីហ្សេរីយ៉ា ៨៩លើកឈ្នះពាន Africa Cup of Nations នៅឆ្នាំ២០១៣ មុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឆ្នាំ២០១៩។ ជោគជ័យនៃអាជីពរបស់ Mikel គឺរយៈពេល ១១ឆ្នាំនៅតោខៀវ Chelsea ទោះបីត្រូវរង់ចាំដល់ប្រកួតទី១៨៥ ទើបអាចរកបានគ្រាប់បាល់ដំបូងក៏ដោយ។ សរុបជារួម Obi Mikel បង្ហាញខ្លួនសរុប ២៤៩លើកនៅ Premier League ជាមួយ Chelsea ដែលបូកទាំងការឈ្នះពាន Europa League និង English Premier League ពីរលើក FA Cup បួនលើក និង League Cup ពីរលើក។
បន្ទាប់ពីចាកចេញពី Chelsea នៅឆ្នាំ២០១៧ Obi Mikel បានទៅប្រកបអាជីពនៅទឹកដីចិនជាមួយក្លិប Tianjin TEDA មុនពេលត្រលប់មកកាន់អង់គ្លេសវិញនៅឆ្នាំ២០១៩ ផ្ទេរមកកាន់ Middlesbrough។ បន្តមក Obi Mikel ផ្លាស់ទៅកាន់ក្លិបទួកគី Trabzonspor លេងបានមួយរដូវកាល មុនត្រលប់មកកាន់អង់គ្លេសម្តងទៀតលេងឱ្យ Stoke City។ ចុងក្រោយបំផុត Obi Mikel បានផ្លាស់ទៅកាន់ក្លិបគុយវ៉ែត Kuwait SC តែក៏សម្រេចចិត្តរំលាយកិច្ចសន្យាវិញរយៈពេល ៤ខែបន្ទាប់៕