(តូក្យូ-ជប៉ុន)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នាទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រីជប៉ុនថា ក្នុងក្របខណ្ឌអាស៊ាន កម្ពុជាបន្តជំរុញការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា បើទោះបីមានបញ្ហាប្រឈមក្តី ក៏មិនបោះចោលការងារនេះនោះទេ។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន ពីស្ថានភាពរបស់មីយ៉ាន់ម៉ា ដែលជាការបារម្ភ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុនថា ចំពោះបញ្ហានៅមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រីជប៉ុន ពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្វីត្បិតស្ថានភាពមីយ៉ាន់ម៉ាជាការបារម្ភ ប៉ុន្តែជប៉ុននៅតែបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ានទាំងឡាយ។
លោកបានបញ្ជាក់ថា «ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូបបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា យើងនឹងបន្តការងារនេះ ក្នុងក្របខណ្ឌអាស៊ាន ហើយយើងនឹងបន្តក្នុងការជំរុញ ទោះបីជាការប្រឈមក៏ដោយ គឺយើងមិនបោះចោលការងារនោះទេ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សាផ្លាស់ប្ដូរមតិគ្នាជុំវិញស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិផ្សេងៗទៀត ដូចជាបញ្ហានៅនៅឧបទ្វិបកូរ៉េ បញ្ហានៅសមុទ្រចិនខាងត្បូង និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ លោកនាយករដ្ឋមន្ត្រីជប៉ុនបានលើកជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតជនជាតិជប៉ុន ដែលជាការបារម្ភរបស់ប្រទេសជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខ។ សម្ដេចក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន។
លោកនាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញនូវក្តីរីករាយសន្យានឹងបន្តធ្វើកិច្ចការជាមួយសម្តេចតេជោ ហ៊ុន សែន បន្តទៀត ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងភ្នំពេញនាខែវិច្ឆិកាខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន៕