(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៥នាក់ លើជនជាតិខ្មែរ៣នាក់ និងជនជាតិអាមេរិកចំនួន២នាក់ ដែលសុទ្ធសឹងជាករណីនាំចូលពីអាមេរិក។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០បានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០៥នាក់ រួមមានបុរសជនជាតិខ្មែរចំនួន០២នាក់, ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរសជនជាតិអាម៉េរិកចំនួន០២នាក់។
ចំពោះករណីជនជាតិខ្មែរ០៣នាក់ វិជ្ជមានវីរុសកូវីដ-១៩ (លទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា) គឺមានបុរសអាយុ ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ៥ឆ្នាំ មានអាស័យដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេងឪពុកម្ដាយ នៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ២០២០ ជាមួយភរិយា និងកូនស្រីម្នាក់ទៀត (តែស្ត្រីទាំងពីរនាក់ មានលទ្ធផលតេស្តលើកទី១នេះអវិជ្ជមាន) និងស្ត្រីអាយុ៦០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ដែលមានអាស័យដ្ឋានស្នាក់ នៅក្នុងបុរីប៉េងហួតបឹងស្ទោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានរោគសញ្ញាហៀរសំបោរ (ស្រដៀងផ្តាសាយ) តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០។
ក្រសួងបានបញ្ជាក់ថា បុគ្គលទាំងបីនាក់នេះ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ BR265 នៅប្រទេសចិន (តៃប៉ិ) មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាក របស់ពួកគាត់ទាំងបីនាក់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ហើយ បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។ តាមជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន ៧៧នាក់ (ស្រី្ត ២៦នាក់ ក្មេងតូច ០២នាក់ កុមារ ៤នាក់ និងបុរស ៤០ នាក់) ដែលក្នុងចំនួនសរុបនេះ មានជនជាតិចិន (តៃវ៉ាន់) ៣៦នាក់ ជនជាតិជប៉ុន ០១នាក់ និងជនជាតិអាម៉េរិក កាំង ១៩នាក់។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ទាំងអស់ត្រូវបានដាក់ឱ្យធ្វើចត្តាឡី ស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត ដោយចែកចេញជា៖ ចំនួន០៨នាក់នៅមណ្ឌលចត្តាឡីស័ក ទ័ពអាកាស រាជធានីភ្នំពេញ និងចំនួន ៦៦នាក់ នៅសណ្ឋាគារអូខេប៉ាឡេស រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបន្តថា សម្រាប់ករណីជនជាតិអាម៉េរិក ០២នាក់ វិជ្ជមានវីរុសកូវីដ១៩ (លទ្ធផលទទួលបានពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា) ៖ ជនជាតិអាមេរិកពីរនាក់ (អាយុទាំងពីរនាក់ មិនបានរាយការណ៍ពីស្ថានទូតអាម៉េរិកនៅកម្ពុជាមកទេ) ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកក កាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
ជនជាតិអាមេរិកកាំងទាំងពីរនាក់ខាងលើ បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ KE689 នៅកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផល វិភាគវត្ថុសំណាករបស់ពួកគាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ អ្នកជំងឺទាំងពីរនាក់ ស្ថិតនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាម៉េរិក រាជធានីភ្នំពេញ។
តាមជើងហោះហើរដែលរកឃើញជនជាតិអាមេរិកកាំងទាំងពីរនាក់នេះ មានអ្នកដំណើរសរុបចំនួន៩១នាក់ (ស្ត្រី ៣៥នាក់ កុមារ ០៧នាក់ និងបុរស ៥២នាក់) ដែលក្នុងចំនួនសរុបនេះ មានជនជាតិកូរ៉េ ២៨នាក់ ជនជាតិអាមេរិក១៩នាក់ (កុមារ ០២នាក់) ជនជាតិបារាំង ០២នាក់ ជនជាតិវៀតណាម ០២នាក់ ជនជាតិ អូស្ត្រាលី ០៤នាក់ (កុមារ០២នាក់) ជនជាតិឥណ្ឌូណេស៊ី ០១នាក់ ជនជាតិណូវែលហ្សឺឡង់០៣នាក់ (កុមារ០១នាក់) ជនជាតិចិន ០៣នាក់ ជនជាតិអូទ្រីស ០១នាក់ ជនជាតិ អង់គ្លេស ០៨នាក់ (កុមារ០២នាក់) ជនជាតិហ្វាំងឡង់ ០១នាក់ និងជនជាតិកាណាដា ០១នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៦នាក់ និងសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជនជាតិអាមេរិក០២នាក់៕