បាល់ទាត់៖ អ្នកគាំទ្រណាដែលមានអាកប្បកិរិយាមិនសមរម្យ និងរើសអើងជាដើមនឹងត្រូវដាក់បម្រាមយ៉ាងហោចណាស់មួយឆ្នាំ។ ក្លិបបាល់ទាត់នៅ Premier League ទាំងអស់បានយល់ព្រមច្បាប់នេះ រួមជាមួយក្របខណ្ឌបាល់ទាត់អង់គ្លេស English Football League ដែលបានលើកយកមកពិភាក្សាតាំងពីខែកក្កដា។
បន្ទាប់ពីមានការកិច្ចប្រជុំគ្រប់ភាគីពាក់ព័ន្ធ បូករួមទាំងម្ចាស់ភាគហ៊ុននៃក្លិបទាំងអស់នៅ Premier League បានសំរេចដាក់ច្បាប់នេះឱ្យអនុវត្តជាធរមានទាំងការប្រកួតក្នុង និងក្រៅដី ពោលគឺអ្នកគាំទ្រណាម្នាក់ដែលមានកំហុស នឹងត្រូវហាមឃាត់មិនឱ្យចូលទស្សនាបាល់ទាត់ពេញមួយឆ្នាំ។ ខ្សែការពារ Spurs, Eric Dier បានប្រាប់សារព័ត៌មាន BBC ថា បញ្ហារបស់អ្នកគាំទ្រនឹងអាក្រក់ទៅៗ ប្រសិនណាបើមិនមានការចាត់វិធានការណាមួយ។
កីឡាករវ័យ ២៨ឆ្នាំជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា រូបគេ និងក្រុមគ្រួសារតែងតែមានការព្រួយបារម្ភរាល់ការប្រកួតនៅក្រៅទឹកដី។ រំលឹកដែរថា អ្នកចាំទី Aston Villa, Robin Olsen ត្រូវបានគេបំពាននៅការប្រកួតចុងក្រោយបិទរដូវកាលមុននៅទឹកដី Manchester City ស្របពេលដែលអ្នកគាំទ្រ Nottingham Forest ម្នាក់ត្រូវជាប់ពន្ធនាគារបន្ទាប់ពីប្រើក្បាលជល់កីឡាកររបស់ Sheffield United, Billy Sharp នៅការប្រកួត Play-Off រវាងក្រុមទាំងពីរ៕