ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ចាប់ផ្តើមដំណើរការប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ ។
ការប្រកាសសាលដីកាបណ្តឹងសាទុក្ខនេះ មានអញ្ជើញចូលរួមពីដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះ និងតំណាងរាជរដ្ឋាភិបាល តំណាងស្ថានទូតបរទេសនានាប្រចាំកម្ពុជា រួមទាំងព្រះសង្ឃ សិស្សនិស្សិតជាច្រើនផងដែរ។
គួរជម្រាបថា អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម, ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ។