ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអនុញ្ញាតឱ្យលោកDaren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារផងដែរ។
នៅក្នុងជំនួបនេះលោក Daren Tang បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានមកកម្ពុជាជាច្រើនដងហើយ ឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោក Daren Tang សូមសម្ដែងនូវការគោរព និងអបអរសាទរជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា។
លោក ក៏បានគោរពជម្រាបជូនសម្ដេចបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោកកាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែពេលនេះ បាននឹងកំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍគាំទ្រការអភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរកវិធីជួយគាំទ្រដល់កម្ពុជាផង។
ជាការឆ្លើយតប សម្ដេចតេជោ បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយដល់កម្ពុជាក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ហើយក៏បានជម្រាបជូនលោក និងប្រតិភូអំពីការកត់សម្គាល់របស់សម្ដេចនោះរួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់មានការកើនឡើងនៅអំឡុងពេលកូវីដ១៩ នោះសបញ្ចាំងឲ្យឃើញថា តំបន់ពាណិជ្ជកម្មសេរី អាស៊ាន (AFTA)គឺចាប់ផ្ដើមដំណើរការសកម្មភាពនៅពេលមានជំងឺកូវីដ១៩ ។ជាឧទាហរណ៍ពាណិជ្ជកម្មរវាងកម្ពុជា វៀតណាម ,កម្ពុជា ថៃ, កម្ពុជា ឡាវ មានការកើនទ្បើងគួរឱ្យកត់សម្គាល់។
កំណត់សម្គាល់មួយទៀតគឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មហួសហេតុពេកនាំទៅដល់វិបត្តិដែលមិនត្រឹមតែនៅប្រទេស អឺរ៉ុបទេ ប៉ុន្តែវិបត្តិជាពិសេសវិបត្តិសេដ្ឋកិច្ចរីករាលដាលដល់ប្រទេសដទៃទៀតនៅក្រៅទ្វីបអឺរ៉ុបក្នុងនោះរួមមានទាំងកម្ពុជាផង៕