(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូត តែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោក Uladzimir BARAVIKOU ត្រូវបានលោកប្រធានាធិបតី នៃសាធារណរដ្ឋបេឡារុសតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះលោក Uladzimir BARAVIKOU បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាផងដែរ៕