(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានលើកឡើងថា អាស៊ានគួរតែពិចារណា លើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ក្នុងឋានៈជាប្រធានអាស៊ាន។
ថ្លែងនាឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ លើទឹកដីអង្គរខេត្តសៀមរាប សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «នាពេលបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលខ្ញុំធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ»។
ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចតេជោ បានលើកឡើងថា ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌធំទូលាយមួយ ដែលសម្តេចសូមហៅថាជា កិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាត ឱ្យតំបន់របស់អាស៊ាន អាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍នូវមតិយោបល់របស់សមាជិកអាស៊ាន ក្នុងការ ធ្វើឱ្យគំនិតផ្ដួចផ្ដើមនេះក្លាយជាការពិត។
ថ្លែងនាឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា «ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យតំបន់របស់យើងអាចប្រែក្លាយខ្លួនបន្តិចម្ដងៗឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច»។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា អាស៊ាននឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ» និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេសប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់អាស៊ាន។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានបន្តផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ៕