(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឲ្យរៀបចំកសាងតំបន់រុនតាឯក នៅស្រុកបន្ទាយស្រី ដែលពលរដ្ឋគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី ឱ្យក្លាយទៅជាទីក្រុងស៊ីវិល័យមួយ នៅថ្ងៃអនាគត។
ការណែនាំ និងចង្អុលបង្ហាញនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
ខណៈដែលពលរដ្ឋទាំងនោះកំពុងរុះរើ ដើម្បីទៅតាំងទីលំនៅថ្មី សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកងទ័ព មានយោធភូមិភាគទី៤ និងកងពលធំទី២ ដឹកអញ្ជូនពួកគាត់ដោយមិនគិតថ្លៃ ហើយការដឹកជញ្ជូននេះត្រូវធ្វើឡើងបន្ទាប់ពីដីថ្មីរបស់ពួកគេត្រូវបានឈូសឆាយរួច។ សម្តេចបានបញ្ជាក់ថា ប្រសិនបើខ្វះមធ្យោបាយ ត្រូវបញ្ជូនសំណើទៅកងទ័ពជើងគោក ដែលមានកងដឹកជញ្ជូន។
បន្ថែមពីនេះ សម្តេចបានជួយជាសាច់ប្រាក់ និងឧបត្ថម្ភជំហានដំបូងដល់ពលរដ្ឋទណោះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូ, មី១កេសធំ (ស្មើ៦កេសតូច), ត្រីខ១កេសធំ, ថវិកា២០ម៉ឺនរៀល ហើយសម្តេចក៏បានជូនថវិកា១លានរៀល ក្នុងមួយគ្រួសារថែមទៀត ដើម្បីរួមចំណែកកសាងលំនៅដ្ឋាន ជាមួយនឹងការផ្តល់ជូននូវស័ង្កសី ៣០សន្លឹកផងដែរ។ សម្រាប់ស័ង្កសីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចូលរួមឧបត្ថម្ភជូនរាជរដ្ឋាភិបាល ចំនួន៦ម៉ឺនសន្លឹក ព្រមទាំងផ្តល់ផ្ទះគំរូចំនួន២០ខ្នងផងដែរ ដែលផ្ទះគំរូនេះ នឹងដាក់ឱ្យមានការចាប់ឆ្នោតផ្សេងសំណាង។
សម្តេចបានបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីកន្លែងមិនស្របច្បាប់នៅរមនីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ត្រូវទទួលបានបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ ដែលគោលនយោបាយនេះត្រូវបានធានារយៈពេល១០ឆ្នាំ។ សម្តេចបានបញ្ជាឱ្យ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ឱ្យដាក់បញ្ចូលគ្រួសារដែលចាប់ឆ្នោតទៅតាំងទីលំនៅថ្មីនេះ ឱ្យទទួលបានបណ្ណក្រីក្រ និងបណ្ណទទួលថវិកាសម្រាប់ពលរដ្ឋរងគ្រោះដោយកូវីដ១៩ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការទិញដីបន្ថែមពី លោក សៀង ណាំ នៅតំបន់ក្បែរនោះ ដើម្បីផ្តល់ជូនពលរដ្ឋដែលទៅតាំងទីលំនៅថ្មីទៀត នៅពេលដែលដីនៅតំបន់រុនតាឯក មិនគ្រប់គ្រាន់។
ពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យចាក់ផ្លូវកៅស៊ូទៅកាន់តំបន់រុនតាឯក ដែលផ្លូវកៅស៊ូនេះ ត្រូវធ្វើឱ្យរួចរាល់មុនចូលឆ្នាំខ្មែរ។ សម្រាប់ផ្លូវក្នុងភូមិនៅតំបន់រុនតាឯក ក៏ត្រូវធ្វើរហូតដល់១៤០គីឡូម៉ែត្រ ដែលរហូតដល់ពេលនេះកសាងបាន១៨គីឡូម៉ែត្រហើយ ក្នុងនោះក៏ត្រូវមានផ្លូវចាក់កៅស៊ូចូលមកតំបន់នេះ និងចាក់បេតុងមួយចំនួននៅក្នុងនេះផងដែរ។
សម្រាប់បញ្ហាទឹកវិញ សម្តេចតេជោ ហ៊ុន សែន បានអនុម័តភ្លាមៗ ហើយណែនាំឱ្យ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តភ្ជាប់បណ្តាញទឹកស្អាតចេញពីតំបន់ព្រលានយន្តហោះថ្មីក្រុងសៀមរាប ទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតំបន់នេះដែលមានប្រមាណចម្ងាយ១៧គីឡូម៉ែត្រ ដើម្បីរុញតំបន់រុនតាឯកនេះ ឱ្យក្លាយទៅជាកូនក្រុងមួយ នៅថ្ងៃអនាគត។
ក្រៅពីនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អគ្គិសនីកម្ពុជា ដើម្បីតអគ្គិសនីទៅកាន់តំបន់រុនតាឯកថែមទៀត បើទោះបីជាពួកគេត្រូវបានផ្តល់អណ្តូងទឹក១ផ្ទះមួយក៏ដោយ។
ពាក់ព័ន្ធនឹងវិស័យអប់រំនៅមូលដ្ឋាននេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសាងសង់សាលារៀនដែលមានសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ ដែលការសាងសង់ត្រូវធ្វើជាជំហានៗ ខណៈដែលការសាងសង់សាលាបឋមសិក្សា បានធ្វើឡើងរួចហើយផងដែរ។ សម្រាប់សាលានេះ សម្តេចក៏បានផ្តល់ផ្ទះជូនដល់គ្រូបង្រៀនចំនួន១ខ្នងមាន២ជាន់ និង២០បន្ទប់សម្រាប់គ្រូ២០នាក់ផងដែរ។
ទាក់ទងនឹងវិស័យសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសាងសង់មន្ទីរពេទ្យ ដែលមន្ទីរពេទ្យនោះ ត្រូវមានមណ្ឌលសុខភាព៣ខ្នង ក្នុងនោះ១ខ្នងសម្រាប់ពិនិត្យ និងព្យាបាលជំងឺទូទៅ មួយខ្នងជាអគារសម្ភព និងមួយខ្នងទៀតជា អគារស្នាក់នៅដែលមាន២០បន្ទប់សម្រាប់គ្រូពេទ្យនៅតំបន់នេះ។
នៅក្នុងពិធីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានក៏បង្ហាញគម្រោងកសាងផ្សារចំនួន៨ខ្នង នៅតំបន់រុនតាឯកផងដែរ ដោយក្នុងនោះមានរបស់របរអាហារ និងកាហ្វេល្អ ដើម្បីរុញតំបន់នេះទៅជាតំបន់ស៊ីវិល័យ។
ដើម្បីងាយស្រួលទំនាក់ទំនង សម្តេចតេជោ បានណែនាំឱ្យរៀបចំផ្គត់ផ្គង់ និងបង្កើនសេវាទូរស័ព្ទ និងអ៉ិនធើណិត នៅតំបន់រុនតាឯកថែមទៀត។ បន្ថែមពីនេះ ក៏ត្រូវរៀបចំប្រព័ន្ធលូឱ្យបានល្អ សម្រាប់បរិស្ថានល្អដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ សម្តេចបានបញ្ជាក់ថា «ថ្ងៃក្រោយ រុនតាឯកមិនមែនជាជនបទទៀតទេ រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍ»។
ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ ក្រសួងបរិស្ថាន ក៏កំពុងរៀបចំដាំដើមឈើហូបផ្លែ ជូនពលរដ្ឋពលរដ្ឋតាមដីឡូតិ៍នីមួយៗថែមទៀត។ សម្តេចតេជោ ក៏បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញវត្ថុ ដើម្បីផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋ ដែលទៅរស់នៅតំបន់រុនតាឯកនេះ ដោយអត្រាការប្រាក់ទាប និងអនុគ្រោះ ដោយសារតែបងប្អូនដែលទៅរស់នៅទីនោះនឹងត្រូវការដើមទុនដើម្បីបង្កើតមុខរបរ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។
ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។
ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូបខុសច្បាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន ៣២២តូប ក្នុងនោះស្ថិតនៅចំណុចទីតាំងមុខប្រាសាទបន្ទាយក្តីចំនួន ៣៤តូប, ចំណុចទីតាំងស្រះស្រង់ខាងត្បូងចំនួន ១៨៦តូប, ចំណុចទីតាំងភូមិទក្សិណខាងត្បូងចំនួន ៧៩តូប និងចំណុចទីតាំងខាងត្បូងកស្សិណអង្គរចំនួន ២៣តូប។ ក្រុមការងារ បានដាំកូនឈើឡើងវិញលើទីតាំងដីដែលបានរុះរើតូប បានចំនួនប្រមាណ ២ពាន់ដើម។ ក្រុមការងារ បានបង្ហោះដ្រូនថតរូបភាពពីលើអាកាស និងផលិតផែនទីរូបថតតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើផ្ទៃដីទំហំ ៤០,១១៨ហិកតា៕