ភ្នំពេញ៖ អ្នកជំនាញមូលនិធិរូបិយវត្ថុអន្តរជាតិ ថ្លែងនូវការព្រួយបារម្ភ នៃភាពមិនប្រាកដប្រជា និងហានិភ័យកាន់តែខ្ពស់ នៃសេដ្ឋកិច្ចសកល ដែលនឹងអាចធ្វើឲ្យប៉ះពាល់មកលើទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ដោយ បណ្តាលមកពីបញ្ហាប្រឈម និងហានិភ័យចម្បងផ្សេងៗ ដែលជាបច្ច័យអវិជ្ជមានលើសកម្មភាពសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។
លោក Alasdair Scott ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើកឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ភាពមិនប្រាកដប្រជា និងហានិភ័យកាន់តែខ្ពស់នៃ សេដ្ឋកិច្ចសកល អាចប៉ះពាល់ មកលើទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ដែលបណ្តាលមកពី បញ្ហាប្រឈម និងហានិភ័យចម្បងៗរួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងលឿនជាង ការរំពឹងទុក នៃគោលនយោបាយរូបិយវត្ថុ, និងការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាបច្ច័យអវិជ្ជមាន លើសកម្មភាពសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបេសកកម្ម Article IV នៃមូល និធិរូបិយវត្ថុអន្តរជាតិនាពេលនេះ ដែលមកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ ២០២៣ និងក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្លាំង នៃសេដ្ឋកិច្ចសកលលោក ដែលបង្កឡើងដោយភាពមិន អំណោយផល នៃកត្តាភូមិសាស្ត្រនយោបាយ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបាននិងកំពុងបង្កផល ប៉ះពាល់ដោយផ្ទាល់ និងប្រយោល។
ដោយឡែកការចែករំលែកទិន្នន័យ សម្រាប់ការវិភាគ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្តេជ្ញា ក្នុងការរៀបចំ បង្កើតប្រព័ន្ធរួមមួយសម្រាប់ផ្លាស់ប្តូរទិន្នន័យពន្ធ និងស្ថិតិជាតិ និងបានសម្តែងនូវការអរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាព មន្ត្រីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជាផងដែរ៕