(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ លោក Stenfan Anton Messerer ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោក Stenfan Anton Messerer ត្រូវបានលោកប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ តែងតាំងលោកជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះលោក Stenfan Anton Messerer បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចមានជំនឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់មកហើយឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជាលើវិស័យអប់រំ សុខាភិបាល បោសសម្អាតមីន សាលាក្តីខ្មែរក្រហម អភិបាលកិច្ច និងអភិវឌ្ឍវិស័យថាមពលនៅជនបទ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោក ក៏ដូចជាស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕