(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានចប់អាណត្តិបេសកកម្មការទូត នៅក្នុងឱកាសដែលលោកឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ថា លោកឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការផ្តល់គ្រឿងឥស្សរិយយសនៅពេលនេះ ដែលលោកចាត់ទុកថាជាកិត្តិយសដ៏ធំធេងសម្រាប់រូបលោកផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមការងារនៃស្ថានឯកអគ្គរាជទូតថៃនៅភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រីក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ នៅលើវិស័យជាច្រើន រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវប្បធម៌ ដោយគូសបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយសនៅពេលនេះ ជាការសបញ្ជាក់ពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរាជទូត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប បានកត់សម្គាល់ដោយក្តីរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាកត្តាចម្បងធានាឱ្យមានការរីកចម្រើនជាលំដាប់ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការកើនឡើងនូវការផ្លាស់ប្តូរពាណិជ្ជកម្ម ទ្វេភាគីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយបានលើកទឹកចិត្តប្រទេសទាំងពីរឲ្យស្វែងរកឱកាស ដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយសេចក្តីរីករាយ ចំពោះការវិលត្រឡប់ទៅរកស្ថានភាពជាធម្មតាដូចកាលពីមុនជំងឺកូវីដ-១៩ របស់ប្រទេសទាំងពីរ និងការបន្តជើងហោះហើរឡើងវិញ ដែលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គោលបំណងនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តប្រទេសទាំងពីរឲ្យពន្លឿនការបញ្ចប់ឯកសារមួយចំនួន ដែលមិនទាន់សម្រេចបាននៅឡើយ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាផងដែរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ អប់រំ វប្បធម៌ និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយបានកត់សម្គាល់ដោយក្តីសោមនស្ស ចំពោះការរៀបចំរបស់ប្រទេសទាំងពីរ សម្រាប់ការបន្តកិច្ចចរចាលើតំបន់ទាមទារដែលត្រួតស៉ីគ្នា។
លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ សម្រាប់ជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់កម្ពុជា រួមមាន អាហារូបករណ៍ វគ្គបណ្តុះបណ្តាលនានា ក៏ដូចជាជំនួយនិងការយកចិត្តទុកដាក់ដល់ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃផងដែរ។
លោកឧបនាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសថៃដល់តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា, កិច្ចខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្ត្រីក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ ប្រកបដោយជោគជ័យ នៅដើមខែសីហា ឆ្នាំ២០២២នេះ៕