(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោកមិនចង់ឃើញការបែកបាក់គ្រួសារ ដោយសារការខុសគ្នានៃជំនឿនោះទេ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ ក្នុងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា «ការប្រមូលផ្តុំគ្នាតាមជំនឿនៅភ្នំគូលេនបានកំពុងឈានទៅដល់ការបញ្ចប់។ ខ្ញុំសង្ឃឹមថាការប្រេះឆាទាំងឡាយ ជាពិសេសការបែកបាក់ក្រុមគ្រួសារ ដែលបង្កឡើងដោយការប្រកាន់ជំនឿខុសគ្នានេះនឹងត្រូវបញ្ចប់ដែរ ជៀសវាងករណីដែលការប្រមូលផ្តុំបានបញ្ចប់ ប៉ុន្តែបន្សល់ទុកនូវការបែកបាក់ក្រុមគ្រួសារ ដូចពាក្យចាស់ពោលថាទូកទៅ កំពង់នៅ»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញសោកស្តាយ និងមិនចង់ឃើញជំនឿនាំដល់ការកាត់កាលបងប្អូន និងឪពុកម្តាយបែបនេះឡើយ។ «រឿងជឿ ជាជំនឿរបស់គាត់។ អាហ្នឹងជាជំនឿសិទ្ធិរបស់គាត់ តែកុំឱ្យដល់ជ្រុលនិយម រហូតដល់កាលគ្រួសារ ឬធ្វើអ្វីមួយខុសច្បាប់»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
ឯកឧត្តមបណ្ឌិតបន្ថែមថា «មានការបែកបាក់គ្រួសារ បែកបាក់ឪពុកម្តាយ ប្តីប្រពន្ធ ដោយសារតែជំនឿ។ ខ្ញុំថាមិនគួរទេ រឿងជឿរបស់បងប្អូន តែកុំរហូតដល់ថ្នាក់ផ្តាច់មនោសញ្ចេតនាបងប្អូន»។
ជាមួយគ្នាលោកបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋដែលមានគ្រួសារលង់ជឿ ខឹម វាសនា និងបក្ខពួក ប្រកាសកាត់កាលគ្រួសារនោះ ពេលពួកគាត់ត្រឡប់មកវិញឱ្យបន្តរាប់រកជាធម្មតា កុំដណ្តើមយកឈ្នះធ្វើឱ្យបែកបាក់គ្រួសារ៕