(ណៃពិដោ)៖ នៅថ្ងៃសុក្រនេះ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានតុលាការរកឃើញថា មានទោសពីបទបន្លំការបោះឆ្នោត ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងការជំនុំជម្រះក្តីនាថ្ងៃសុក្រនេះ លោកស្រី ស៊ូជី ត្រូវតុលាការសម្រេចកាត់សេចក្តីថា ពិតជាបានប្រព្រឹត្តអំពើបោកបន្លំប្រាកដមែន នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្ស NLD របស់លោកស្រី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ ដោយឡែក អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) ក៏ត្រូវបានផ្តន្ទាទោសដូចគ្នានឹងលោកស្រីផងដែរ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រោមហេតុផលដើម្បីបញ្ឈប់កុំឱ្យគណបក្ស NLD របស់លោកស្រី ស៊ូជី បង្កើតរដ្ឋាភិបាលថ្មី ក្រោយពីការបោះឆ្នោតដែលខ្លួនអះអាងថា ពោរពេញទៅដោយការក្លែងបន្លំ ដែលមិនត្រូវបានស៊ើបអង្កេតច្បាស់លាស់។
លោកស្រី អោងសាន ស៊ូជី ដែលបច្ចុប្បន្នវ័យ៧៦ឆ្នាំ បានស្ថិតក្រោមការឃុំខ្លួនចាប់តាំងតែពីពេលនោះមក ខណៈលោកស្រី ត្រូវបានតុលាការផ្ទន្ទាទោស ដាក់ពន្ធនាគាររយៈពេលជាង១៧ឆ្នាំ រួចស្រេចទៅហើយ ពាក់ព័ន្ធបទល្មើសជាច្រើន រួមមានតាំងពីអំពើពុករលួយ ការញុះញង់ឱ្យមានការបះបោរ រហូតដល់ការធ្វើឱ្យបែកធ្លាយកិច្ចការសម្ងាត់រដ្ឋ៕