(ភ្នំពេញ)៖ ជំនួយឥតសំណងជារថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង ដែលផលិតនៅប្រទេសចិន និងសម្ភារៈការិយាល័យមួយចំនួន របស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ដល់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ។
ពិធីប្រគល់ និងទទួលរថយន្ត និងសម្ភារៈទាំងនេះ បានធ្វើឡើង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានឈ្នះឈ្នះ។
នាឱកាសនោះដែរ លោក វ៉ាង វិនធាន បានថ្លែងថា កងទ័ពកម្ពុជា-ចិន ជាបងប្អូន ស្គាល់ចិត្ត ស្គាល់ថ្លើម និងរួមសុខ រួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែ ធ្វើច្រើន។ ឯកអគ្គរដ្ឋទូតចិន បានបន្តថា ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន១៥០គ្រឿង និងសម្ភារការិយាល័យចំនួនដល់ក្រសួងការពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ចិនក៏សង្ឃឹមថា កម្ពុជាកាន់តែដើរតួនាទីកាន់តែសកម្ម និងសកម្មលើកិច្ចសន្តិសុខក្នុងតំបន់។
ចំណែក សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញសេចក្តីសប្បាយរីករាយ ខណៈដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់សម្ភារៈជាជំនួយឥតសំណង ដល់ក្រសួងការពារជាតិកម្ពុជា។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកអគ្គរដ្ឋទូតចិន ដែលឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុត របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ នៅក្នុងការងារការពារជាតិ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែប ឱ្យគង់គង់វង្ស និងរីកម្រើនជានិច្ចតរៀងទៅ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ លើសពីនេះ ខ្ញុំសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួមជាងចិន និងកម្ពុជា»។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សម្ភារៈទាំងអស់នេះពិតជាមានន័យមិនអាចកាត់ថ្លៃបាន ក្នុងពេលក្រសួងការពារជាតិកម្ពុជា កំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើឱ្យការងារទំនាក់ទំនងបរទេសផ្នែកយោធា ជាពិសេសក្នុងពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងមមាញឹកក្នុងការបំពេញតួនាទីដឹកនាំក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី សម្តេចយល់ឃើញថា សម្ភារៈ ដ៏មានតម្លៃទាំងនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការសំខាន់មួយទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងការងារទំនាក់ទំនងអន្តរជាតិនោះគឺការងប្រវត្តិសាស្ត្រយោធា៕