(ភ្នំពេញ)៖ អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ។
ការកោតសរសើរ បានធ្វើឡើងតាមរយៈលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតទទួលជួបដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើវឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
ក្នុងជំនួបនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវអំពីព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធទៅនឹងយុទ្ធនាការកម្រិតអន្តរក្រសួង របស់ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចុះវាស់វែងដី និងស្រង់ទិន្នន័យនិយាមការ ដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់តំណាងអង្គការយូណេស្កូ ដើម្បីជ្រាបជាព័ត៌មាន។
លោកស្រីថា នេះជាយុទ្ធនាការមួយ ដើម្បីរុះរើនៅសំណង់ខុសច្បាប់មួយចំនួនដែលបានកើតមាននៅពេលកន្លងមក ហើយយុទ្ធនាការនេះក៏ជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងការទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ ជាពិសេសប្រយុទ្ធប្រឆាំងនឹងសំណង់ខុសច្បាប់។ ពោលយុទ្ធនាការនេះ ជាសកម្មភាពមួយដែលអាចអនុញ្ញាតឲ្យកសាងបាននូវទិន្នន័យជាក់ច្បាស់សម្រាប់អនាគតក្នុងកិច្ចការការពារអភិរក្សតំបន់អង្គរទាំងមូល ជាពិសេសទប់ស្កាត់នៃការកកើតឡើងវិញនៃសំណង់ខុសច្បាប់ជាយថាហេតុនាពេលអនាគត ក្នុងបំណងធ្វើយ៉ាងណាការពារឲ្យបានជាដាច់ខាតតំលៃលេចឆ្លោជាសាកលនៃរមណីយដ្ឋានអង្គរអត្តសញ្ញាណជាតិ។
ពាក់ព័ន្ធនឹងយុទ្ធនាការរបស់ក្រុមការងារតម្រង់ទិសនេះ តំណាងអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការពារតំបន់បេតិកភណ្ឌអង្គរ ព្រមទាំងនឹងរាយការណ៍បន្ដជូនទៅអង្គការយូណេស្កូនៅប៉ារីស និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។
លោកក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរា ដាក់បញ្ចូលក្នុងរបាយការណ៍ស្ដីពីវឌ្ឈភាពកិច្ចការអភិរក្សអង្គរនូវសកម្មភាព និងលទ្ធផលនៃយុទ្ធនាការនេះ ដែលនឹងត្រូវដាក់ជូនទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាដំណាច់ឆ្នាំ២០២២នេះ។
អង្គការយូណេស្កូ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានទទួលស្វាគមន៍អនុប្រធានគណៈកម្មការអឺរ៉ុប យ៉ាងកក់ក្ដៅ និងលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការងារមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ការត្រៀមរៀបចំប្រារព្ធពិធីខួបលើកទី៥០ឆ្នាំ នៃអនុសញ្ញា១៩៧០ ដែលកម្ពុជាបានចុះហត្ថលេខី, ការរៀបចំកិច្ចប្រជុំ ICC-Angkor ICC-Preah Vihear និងកិច្ចការទូទៅមួយចំនួនផ្សេងទៀត។
សូមជម្រាបថា ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុប ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល ដូចខាងក្រោម៖
* វាស់វែងក្បាលដីបានចំនួន ២០.០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
* បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ
* ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរសរុបចំនួន ៤៤ តួប ក្នុងនោះ ៣៤ តួប លក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០តួប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក
* ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទីក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨៖៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប៕