(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងប្រតិភូអមដំណើរ អញ្ជើញក្រុងពាលីបញ្ចុះបឋមសីលាបើកការដ្ឋាន សាងសង់អគារសិក្សា១ខ្នង៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យសោ ហឺ ក្រុងបាត់ដំបង។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ នៅក្នុងបរិវេណអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ក្រុមកាងាររាជរដ្ឋាភិបាល និងការងារបក្សចុះជួយមូលដ្ឋាន ក្រុងស្រុក ឃុំ អ្នកតំណាងរាស្រ្តថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមជាច្រើននាក់ផងដែរ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខនិងក្នុងនាមសម្តេចផ្ទាល់ តែងតែបានសាងសង់អគារសិក្សាជាច្រើនខ្នងនៅតាមសាលានានា ក្នុងខេត្ត ដោយមានការសម្របសម្រួលពីវិស័យអប់រំនិងថ្នាក់ដឹកនាំខេត្ត។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយមានការអភិវឌ្ឍប្រទេសជាតិកម្ពុជា មានការរីកចម្រើនខ្លាំង និងកំណើនប្រជាពលរដ្ឋក៏មានការកើនឡើងជារៀងរាល់ឆ្នាំ ដូច្នេះសិស្សានុសិស្សក៏មានការកើនឡើងដែរ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាល ក៏ដូចថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានកសាងអគារសិក្សាតាមសំណូមពររបស់លោកគ្រូ អ្នកគ្រូ ដើម្បីជូនសិស្សានុសិស្សបានចូលរៀនសូត្រគ្រប់គ្រាន់ ពេលមានថ្នាក់រៀនហើយត្រូវខិតខំរៀនសូត្រនិងមានចំណេះដឹង ដែលជាធនធានមួយសម្រាប់បន្តវេណទៅអនាគត បានយូរអង្វែងតទៅ។
សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរ នាយកសាលា លោកគ្រូ អ្នកគ្រូ គ្រប់ទាំងអស់និងអាណាព្យាបាលត្រូវសហការគ្នា ទប់ស្កាត់ឲ្យខាងតែបាន គឺបញ្ហាគ្រឿងញៀន ជួញដូរមនុស្ស ជាដើម។ អគារសិក្សាដែលត្រូវ សាងសង់នេះ គឺត្រូវប្រើរយ:ពេលក្រោម ១២ខែ ទើបរួចរាល់ និងត្រូវសម្ពោធប្រគល់ជូនដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឲ្យសិស្សបានចូលរៀនផងដែរ៕