ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ លើកទី២ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានការអញ្ជើញចូលរួមតំណាងកម្មករ និយោជិត ភាគីសហជីព តំណាងនិយោជក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ភាគីរដ្ឋាភិបាល និងមន្រ្តីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួនប្រមាណ ៥០នាក់ ដើម្បីស្តាប់បទបង្ហាញអំពីការធ្វើបច្ចុប្បន្នភាពស្ថិតិនៃលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការពិភាក្សារបស់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ នឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី បន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគីបន្តទៀត។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះដែរ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។គ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុង១ខែៗ៕