ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌារយៈពេលប្រាំមួយថ្ងៃ គឺចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២២នេះ តាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ-ឥណ្ឌា។
នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នឹងដឹកនាំសមាជិកអន្តរសភាអាស៊ានដទៃទៀត ចូលរួមកម្មវិធីសំខាន់ៗមួយចំនួន ដូចជា៖ ជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍ ឯកឧត្តមអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) ឯកឧត្តមរដ្ឋមន្ត្រីកិច្ចការបរទេស ឯកឧត្តមប្រធានរដ្ឋសភា (Lok Sabha) និងជួបពិភាក្សាការងារទ្វេរភាគី(Bilateral Talk) ជាមួយឯកឧត្តមអនុប្រធានព្រឹទ្ធសភា។
ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលសភាសម្រាប់លទ្ធិប្រជាធិបតេយ្យ (PRIDE) ចូលរួមកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ SANSAD ។ គោរពវិញ្ញាណក្ខន្ធ នៅវិមានបញ្ចុះសព Humayun និងទស្សនាទីកន្លែង និងប្រាសាទសំខាន់មួយចំនួនដូចជា វិមានជ័យជំនះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា មជ្ឈមណ្ឌល និងសាលអានរបស់សមាជិកសភា បណ្ណាល័យសភា និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ (Taj Mahal) និងប្រាសាទបន្ទាយអាហ្ក្រា (Agra Fort)។
សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) មិនត្រឹមតែជាដៃគូយ៉ាងសំខាន់របស់អាស៊ានប៉ុណ្ណោះទេ ពោលគឺជាដៃគូនៃសភាប្រទេសសង្កេតការណ៍ចំនួន១៦ទៀត ដែលដំណើរទស្សនកិច្ចរបស់អាយប៉ានៅសាធារណរដ្ឋឥណ្ឌានៅពេលនេះ ក៏ដូចនៅពេលកន្លងមក ពិតជាទទួលកិត្តិយស ជាមួយនឹងអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់សភាប្រទេសសមាជិកអាយប៉ាទាំងមូល និងបន្តធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា ក៏ដូចជា អាយប៉ា និងសភាឥណ្ឌា កាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសក្នុងឱកាសខួបអនុស្សាវរីយ៍៣០ឆ្នាំអាស៊ាន-ឥណ្ឌា ក្នុងជំហានឆ្ពោះទៅកាន់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការនៅលើវេទិកាអន្តរសភា នៅក្នុងតំបន់ និងសកលលោក៕