(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នាថ្ងៃពុធនេះ បានរុះរើគណៈរដ្ឋមន្រ្តីរបស់លោក បន្ទាប់ពីកម្រិតប្រជាប្រិយភាព មានការធ្លាក់ចុះ ចំពោះមុខបញ្ហាមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។
កាលពីខែកក្កដាកន្លងទៅ លោក គីស៉ីដា បានដឹកនាំគណបក្សកាន់អំណាចរបស់លោក ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត នៅសភាជាន់ខ្ពស់ ប៉ុន្តែវាបានកើតឡើងបន្ទាប់ពី អតីតនាយករដ្ឋមន្រ្តី លោក ស៉ីនហ្សូ អាបេ ត្រូវបានបាញ់សម្លាប់ ក្រោមស្នាដៃបុរសម្នាក់ ចងគំនុំជាមួយនឹងក្រុមសាសនា Unification Church ដែលមានទំនាក់ទំនងជាមួយ លោក អាបេ។
ចាប់តាំងពីពេលនោះមក ខណៈដែលសាធារណជនជប៉ុន នាំគ្នារិះគន់ទៅលើចំណងទាក់ទង របស់ក្រុមសាសនានោះ ជាមួយនឹង ក្រុមអ្នកនយោបាយជប៉ុន ក៏ដូចជាទៅលើរបៀបដោះស្រាយ បញ្ហាសេដ្ឋកិច្ចរបស់លោក គីស៉ីដា ប្រជាប្រិយភាពរដ្ឋាភិបាលជប៉ុន ក៏បានជួបការធ្លាក់គួរឱ្យកត់សម្គាល់។
គួរបញ្ជាក់ថា នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីខាងលើគឺ លោក យ៉ាស៊ូកាហ៊្សូ ហាម៉ាដា (Yasukazu Hamada) ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការពារជាតិថ្មី, លោក តារ៉ូ កូណូ (Taro Kono) ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីកិច្ចការប្រព័ន្ធឌីជីថលថ្មី, លោកស្រី សានេ តាកៃឈិ (Sanae Takaichi) ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីសន្តិសុខសេដ្ឋកិច្ចថ្មី, លោក កាត់ស៊ូណូប៊ូ កាតូ (Katsunobu Kato) ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាលថ្មី។ រីឯរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីហិរញ្ញវត្ថុបច្ចុប្បន្ន គឺនៅរក្សាតំណែងដដែល៕