(ភ្នំពេញ)៖ ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់កម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ឱ្យយោបល់ឯកភាពទាំងស្រុងលើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម ទាំង៨មាត្រាហើយ ក្រោមសំឡេងគាទ្រ ៥៧សំឡេង ដែលជាសំឡេងភាគច្រើនលើសលប់ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ការបើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងសំដៅធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋបានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ ហើយធានាការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មនេះ តាក់តែងឡើងយ៉ាងលំអិត ធានាបាននូវភាពត្រឹមត្រូវនៃការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តង ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។
នៅក្នុងសម័យប្រជុំនេះ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០២រូប បានឡើងមានយោបល់រួចមក លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សូមបញ្ជាក់ថា ក្រៅពីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំព្រឹទ្ធសភា ក៏មានរបៀបវារៈមួយចំនួនទៀតដែរដូចជា៖
* ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៨ និងលើកទី៩ នីតិ-កាលទី៤។
* ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
* ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិង
ការចៀសវាងពន្ធ,កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិប-កេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
* ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញា ស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕