(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។
សម្តេចបានចាត់ទុកថា នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត។
សម្តេចក៏សូមជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល។
តាមរបាយការណ៍ រហូតមកដល់ពេលនេះរហូតមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយសរុបចំនួន ២៦គ្រឿងហើយ ពីការប្រកួត World Police & Fire Games 2022 ក្នុងនោះមានមេដាយមាស ៨គ្រឿង មេដាយប្រាក់ ៨គ្រឿង និងមេដាយសំរិទ្ធចំនួន១០គ្រឿង។
សូមបញ្ជាក់ផងដែរថា អង្គភាពកីឡានគរបាលជាតិកម្ពុជាដែលមានការដឹកនាំពីលោក ឆេង សុភ័ក្រ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃបានដឹកនាំកីឡាករ កីឡាការិនីចេញទៅប្រកួតប្រជែង លើកនេះមានកីឡាចំនួន០៦ រួមមាន៖ តេក្វាន់ដូ WT វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ ហើយព្រឹត្តិការណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី២២ដល់៣១ ខែកក្កដា ឆ្នាំ២០២២៕