(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
ក្នុងព្រះរាជសារលិខិត ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា «ខ្ញុំសូមប្រសិទ្ធពរជ៏បវរ មហាប្រសើរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ក្នុងបេសកកម្មដ៏ថ្លៃថ្លានូវប្រជាជាតិកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង»។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីន ក្នុងការបញ្ចប់នូវការគំរាមកំហែងពីគ្រាប់មីន ចំពោះប្រជាពលរដ្ឋកម្ពុជាតទៅទៀត៕