ភ្នំពេញ៖បើតាមការរៀបរាប់របស់អាជីវករដែលលក់ដូរក្នុងផ្សារបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំអោយបានដឹងថា«សម្លេង»នៅក្នុងផ្សារសុីធីម៉ល នៅជាន់ខាងលើមានទីតាំងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ មួយយ៉ាងធំបើកអោយភ្ញៀវ ក្មេង ចាស់ប្រុសស្រី ក្មេងមិនទាន់គ្រប់អាយុនិងគ្រប់អាយុ ចូលលេងជារៀងរាល់ថ្ងៃ។
ពិតណាស់ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ
ករណីទាក់ទងនឹងទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក នេត ស៊ីថុន អធិការខណ្ឌ៧មករា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលទីតាំងល្បែងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក៕