(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នាសប្ដាហ៍ក្រោយនេះហើយ ដើម្បីត្រៀមការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នៅប្រទេសអ៊ូសបេគីស្ថាននាខែតុលាខាងមុខ។
តាមការបង្ហើបរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Gyotoku Koji ក្រុមគោព្រៃជំទង់កម្ពុជា គ្រោងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីសប្ដាហ៍ក្រោយទៅ តែជំហានដំបូង លោកនឹងធ្វើការប្រមូលផ្ដុំក្នុង ១សប្ដាហ៍ម្ដងសិន។ ប៉ុន្ដែកន្លងមកលោក Gyotoku Koji ធ្លាប់បានអះអាងថា លោកចង់ហាត់មួយសប្ដាហ៍យ៉ាងហោច ២ថ្ងៃ ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះ។
យ៉ាងណាមិញបើក្រឡេកទៅមើលបណ្ដាប្រទេស ដែលជាបេក្ខភាពជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship Uzbekistan 2020 វិញ មកទល់ពេលនេះ គេឃើញមានប្រទេសមួយចំនួន បានចាប់ផ្ដើមដំណើរការប្រមូលផ្ដុំហ្វឹកហាត់រួចមកហើយ តែក៏មានប្រទេសខ្លះទៀត មិនទាន់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ដូចក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជាដែរ ដោយសារវិបត្តិជាសកលនៃការរាតត្បាតជំងឺកូវីដ-១៩ (Covid-19)។
ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលាខាងមុខ ដោយកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់។ កម្មវិធីប្រកួតក្នុងពូល រួមមានកម្ពុជា ត្រូវជួបឥណ្ឌូនេស៊ីមុនគេ នាថ្ងៃទី១៤-តុលា បន្ទាប់មកជួបក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន នាថ្ងៃទី១៧-តុលា និងចុងក្រោយជួបក្រុមលេខ២ នៅអាស៊ីគឺ U19 អ៊ីរ៉ង់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០៕