បាល់ទាត់៖ ក្រុមជើងឯកបារាំង Paris Saint Germain បានចាប់ផ្តើមការប្រកួតកំដៅសាច់ដុំត្រៀមរដូវកាលថ្មីហើយនៅលើទឹកដីជប៉ុន ដោយប្រកួតដំបូងនេះយកឈ្នះក្រុមជើងឯកជប៉ុនឆ្នាំមុន Kawasaki Frontale ២-១។ Super Star របស់ PSG សុទ្ធតែមានវត្តមាននៅលើទីលានប្រកួតរួមមាន Lionel Messi, Kylian Mbappe និង Neymar។
PSG រកបានគ្រាប់នាំមុខមុនពីរគ្រាប់ដោយ Lionel Messi និង Arnaud Kalimuendo ខណៈក្រុមម្ចាស់ផ្ទះ Kawasaki ក៏តបបានមួយគ្រាប់ដែរនៅចុងម៉ោងនាទីទី ៨៤ ដោយ Kazuya Yamamura។ PSG មានការប្រកួតចំនួន ៣ ប្រកួតនៅទឹកដីជប៉ុននេះក្នុងរយៈពេល ១០ថ្ងៃដែលរួមមានជួបជាមួយក្លិបនៅក្របខណ្ឌ J-League រួមមានបន្ទាប់ពី Kawasaki Frontale នេះនឹងត្រូវជួប Urawa Reds និង Gamba Osaka។ នេះជាការមកកាន់ទឹកដីជប៉ុនលើកដំបូងរបស់ PSG តាំងពីក្លិបបារាំងមួយនេះចាប់ផ្តើមវិនិយោគដោយកាតានៅឆ្នាំ២០១១ និងជាប្រទេសអាស៊ីទី ៣ បន្ទាប់ពីចិននៅឆ្នាំ ២០១៨ និងសិង្ហបុរីនៅឆ្នាំ២០១៩។
បន្ទាប់ពីជប៉ុន PSG នឹងបន្តដំណើរទៅទឹកដីអ៊ីស្រាអែលដើម្បីធ្វើការប្រកួត French Super Cup ជួបជាមួយ Nantes នៅថ្ងៃទី៣១ ខែកក្កដានេះនាទីក្រុង Tel Aviv។ PSG នឹងចាប់ផ្តើមរដូវកាលថ្មីក្របខណ្ឌបារាំង Ligue 1 ជួបជាមួយម្ចាស់ផ្ទះ Clement នៅថ្ងៃទី៧ ខែសីហា៕