ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសបង់ក្លាដែស តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានស្នើកម្ពុជា ជួយរកដំណោះស្រាយបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា កំពុងស្នើនៅក្នុងប្រទេសបង់ក្លាដែស ឲ្យបានត្រឡប់ទៅប្រទេសពួកគេវិញ ដែលក្នុងនាមកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ ។
សំណើរបស់ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នេះធ្វើឡើងនៅក្នុងជំនួយទ្វេភាគី ជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីចូលជួបសម្ដែងការគួរសម ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន ។
រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លើកឡើងថា ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមបានស្វែងយល់រកការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយចង់ក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ។
ឯកឧត្តមបានបន្តថា បង់ក្លាដែសសូមស្នើផងដែរ ទៅកម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ចំពោះបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ របស់ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែស ជួយរកដំណោះស្រាយមួយប្រកបដោយនិរន្តរភាព ដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័ស មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។
ប្រមុខការទូតបង់ក្លាដែស បានបន្ថែមថា បង់ក្លាដែស ប្រាថ្នាចង់ឃើញដំណើរការ នៃការធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូង កើតឡើងក្នុងអំឡុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន ។
ជាការឆ្លើយតបង ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ចំពោះដំណោះស្រាយរឿងនេះ នឹងអាស្រ័យជាចម្បងលើដំណោះស្រាយវិបត្តិបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈបញ្ហានេះ ជាការយកចិត្តទុកដាក់របស់អាស៊ាន និងប្រធានអាស៊ាន ។
ឯកឧត្តមបានលើកឡើង អំពីការវិវត្តស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់លើភាពស្មុគស្មាញ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាកិច្ចខិតខំរបស់សម្ដេចតេជោ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ និងឯកឧត្តមផ្ទាល់ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងការជំរុញការអនុវត្តការព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ។
ក្រៅពីពិភាក្សាលើបញ្ហានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេស បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្ដីបារម្ភ និងមានផលប្រយោជន៍ទៅវិញទៅមក ហើយភាគីទាំងពីរ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រគ្នាទៅវិញទៅមក លើវេទិកាពហុភាគីនានា៕