គុនល្បុក្កតោ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសមាគមកីឡាបញ្ចសិលាឥណ្ឌូនេស៊ីបានកំណត់ពេលវេលាដើម្បីបញ្ចូនកីឡាករ-កីឡាការិនី ក៏ដូចជាគ្រូបង្វឹកធ្វើការផ្លាស់ប្ដូរការហ្វឹកហាត់គ្នារវាងកីឡាគុនល្បុក្កតោ និងកីឡាបញ្ចសិលារួចហើយ ដោយគ្រោងនឹងចាប់ផ្ដើមនាខែសីហា ឆ្នាំ២០២២ ខាងមុខ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បន្ទាប់ពីឯកឧត្តមបានជួយពិភាក្សា និងចុះហត្ថលេខាជាមួយតំណាងសមាគមកីឡាបញ្ចសិលាឥណ្ឌូណេស៊ី និងតំណាងស្ថានទូតឥណ្ឌូណេស៊ី លើកំណត់ត្រានៃដំណើរការផ្លាស់ប្តូរគ្នារវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងកីឡាបញ្ចសិលារបស់ឥណ្ឌូណេស៊ី នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមបានគូសបញ្ជាក់ថា កីឡាគុនល្បុក្កតោ និងកីឡាបញ្ចសិលានឹងត្រូវរៀបចំការប្រកួតក្នុងចង្កោមនៃកីឡាយុទ្ធគុន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាក្នុងការចាប់ផ្ដើមការផ្លាស់ប្ដូរ ការហ្វឹកហាត់រវាងកីឡាទាំងពីរនាដើមខែសីហាខាងមុខ ដោយកម្ពុជានឹងបញ្ជូនក្រុមកីឡាបញ្ចសិលា ៣០នាក់ទៅហ្វឹកហាត់នៅឥណ្ឌូនេស៊ីរហូតដល់ស៊ីហ្គេមតែម្ដង។ ទន្ទឹមជាមួយគ្នា កម្ពុជាក៏នឹងរៀបចំគ្រូបង្វឹកកីឡាគុនល្បុក្កតោរបស់កម្ពុជា ទៅបង្ហាត់ដល់កីឡាករ-កីឡាការិនីឥណ្ឌូនេស៊ី ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាផងដែរ។
អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោដដែលបន្ដថា នេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបញ្ជ្រាបក្បាច់គុនព្រលឹងជាតិមួយនេះទៅកាន់បណ្ដាប្រទេសក្នុងតំបន់ និងលើឆាកអន្ដរជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពិសេសប្រទេសឥណ្ឌូនេស៊ីដែលកាលពីថ្មីៗ សម្ដេចបានប្រកាសគាំទ្រលើការចុះអនុស្សរណៈយោគយល់គ្នា រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយឯកឧត្តម ប្រាប៊ូវ៉ូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានសហព័ន្ធកីឡាបញ្ចសិលាអន្តរជាតិ លើការផ្តល់ការបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោ និងកីឡាបញ្ចសិលាឲ្យគ្នាទៅវិញទៅមកទៀតផង។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិត និងបានឯកភាពគ្នាក្នុងការត្រៀមរៀបចំការហ្វឹកហាត់របស់ក្រុមកីឡាករ-កីឡាការិនីកម្ពុជា អំឡុងពេលហ្វឹកហាត់នៅឥណ្ឌូណេស៊ី។ នេះជាលទ្ធផលផ្លែផ្កាដើម្បីគាំទ្រដល់ដំណើរការហ្វឹកហាត់ឲ្យរលូន បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែមុន រវាងកម្ពុជា និងឥណ្ឌូណេស៊ី។
មិនតែប៉ុណ្ណោះ ឥណ្ឌូនេស៊ីក៏នឹងត្រៀមរៀបចំបង្កើតឲ្យមានសហព័ន្ធកីឡាគុនល្បុក្កតោឥណ្ឌូនេស៊ីទៀតផង។ ឯកឧត្តមបានចាត់ទុកនេះ គឺជាការពង្រីកសក្ដានុពលក្បាច់គុនព្រលឹងជាតិឲ្យកាន់ទូលំទូលាយ ដ្បិតរហូតមកទល់ពេលនេះគឺមាន ៦-៧ប្រទេសហើយ ដែលត្រៀមចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ គួរដឹងថា គុនល្បុក្កតោគឺជាសិល្បៈក្បាច់គុនប្រពៃណីជាតិខ្មែរ ហើយប្រភេទកីឡាអត្ដសញ្ញាណជាតិមួយនេះ ក៏ត្រូវបានអនុម័តដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ រួចហើយដែរ ក្នុងចំណោមកីឡា ៣៩ប្រភេទ និងកីឡាសម្ដែង ១ប្រភេទដែលទទួលបានការគាំទ្រពីបណ្ដាប្រទេសមាជិកទាំងអស់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍លើកទី២ នៅកម្ពុជាកាលពីដើមសប្ដាហ៍កន្លងទៅ៕