ប៉េតង់៖ ក្រុមកីឡាការិនីប៉េតង់កម្ពុជាបានសាងភាពភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham សហរដ្ឋអាមេរិក បន្ទាប់ពីកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានពួតដៃគ្នាដណ្ដើមបានមេដាយមាស ១គ្រឿងទៀតលើវិញ្ញាសាវាយគូនារី ២នាក់ទល់ ២នាក់ ក្រោយវាយបកយកឈ្នះក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ដោយលទ្ធផល ៧-៥ពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ។
នេះគឺជាការបើកកំណត់ត្រាថ្មីរបស់កីឡាប៉េតង់កម្ពុជា សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ពិសេសកីឡាការិនី អ៊ុក ស្រីមុំ ដែលក្រោយដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយយកពីន្ទុកាលពីម្សិលមិញ លោកស្រីបានបន្ដចាប់ដៃជាមួយសិស្សប្អូន អ៊ុន ស្រីយ៉ា ហើយធ្វើបានយ៉ាងល្អរហូតដណ្ដើមបានមេដាយមាស ១គ្រឿងទៀតលើវិញ្ញាសា ២នាក់ទល់ ២នាក់ ដែលនាំឲ្យទង់ជាតិកម្ពុជាត្រូវបានបង្ហូតឡើង ២ថ្ងៃជាប់គ្នាលើទឹកដីអាមេរិក។ ការប្រកួតដែលម្ចាស់ផ្ទះអាមេរិកបានអញ្ជើញសុទ្ធតែក្រុមខ្លាំងៗប្រចាំទ្វីប ចូលរួមព្រឹត្តិការណ៍នេះ ឃើញថា ការប្រកួតនីមួយៗសុទ្ធតែមានភាពស្វិតស្វាញ ពិសេសការវិញ្ញាសាវាយគូរបស់ក្រុមកីឡាការិនីកម្ពុជា។ សម្រាប់ការប្រកួតជម្រុះក្នុងពូល ប្រកួតទី១ កម្ពុជាបានយកឈ្នះក្រុមដាណឺម៉ាក ១៣-៥ពិន្ទុ មុនចាញ់បារាំង ៩-៧ នៅប្រកួតទី២។ ហេតុនេះកម្ពុជា និងដាណឺម៉ាកដែលឈរលេខ២ និងលេខ៣ ក្នុងពូលក៏បានជួបគ្នាម្ដងទៀតដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ជាលទ្ធផលការជួបគ្នាលើកទី២ នេះ កម្ពុជាបានបន្ដយកឈ្នះក្រុមដាណឺម៉ាកដោយពិន្ទុ ១៣-៤។ ដូច្នេះកម្ពុជាក៏បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមបារាំងដែលឈរលេខ១ ក្នុងពូល A ដើម្បីប្រកួតខ្វែងជាមួយក្រុមលេខ១ និងលេខ២ នៃពូល B គឺមានក្រុមថៃ និងអាល្លឺម៉ង់។ ក្នុងនោះកម្ពុជាបានជួបថៃ ហើយបានយកឈ្នះក្រុមទៅពីតំបន់អាស៊ានជាមួយគ្នានេះដោយពិន្ទុ ១២-១០ ខណៈបារាំងបានយកឈ្នះអាល្លឺម៉ង់ ១៣-៣ពិន្ទុដែលនាំឲ្យកម្ពុជា និងបារាំងត្រូវជួបគ្នាជាថ្មីនៅវគ្គផ្ដាច់ព្រ័ត្រ។ ឈានដល់វគ្គកាត់សេចក្ដី ក្រុមកីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ាង បានបង្កការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីវាយបកយកឈ្នះក្រុមខ្លាំងបារាំងវិញដោយលទ្ធផល ៧-៥ពិន្ទុ បន្ទាប់ពីជួបគ្នាក្នុងពូលកម្ពុជាបានចាញ់បារាំង ៩-៧ពិន្ទុ។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមកីឡាការិនីប៉េតង់កម្ពុជាឈ្នះមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍ World Games 2022 ពោលគឺក្រុមកីឡាការិនីប៉េតង់កម្ពុជាបានឈ្នះមេដាយមាសទាំង ២វិញ្ញាសាតែម្ដង សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាពិភពលោកលើកដំបូងលើទឹកដីអាមេរិកនេះ៕