(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ចំនួន៧ចំណុចដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍យកទៅអនុវត្ត ដើម្បីបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសជំរុញសន្ទុះនៃវិស័យនេះឱ្យប្រសើរឡើងវិញ។
អនុសាសន៍សំខាន់ៗចំនួន៧ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មានដូចជា៖
ទី១៖ ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ក្នុងនោះក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានាដែលបានដាក់ចេញក្នុងការជំរុញសន្ទុះនៃវិស័យ ទេសចរណ៍។ ក្រសួងទេសចរណ៍ ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ។
ទី២៖ បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញ ប្បទាន និងកម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការអភិវឌ្ឍមូលធន មនុស្សនៅក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ សំដៅឈានដល់ការអភិវឌ្ឍ «ទេសចរណ៍ឆ្លាត» ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។
ទី៣៖ បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈ បន្តពង្រឹងការអនុវត្ត វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់។ ត្រូវសិក្សាប្រភពទីផ្សារគោលដៅ ដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថលទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។
ទី៤៖ ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ ក្នុងវិស័យទេសចរណ៍ដែលជា «មាសបៃតង» របស់កម្ពុជា។ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើតវេទិការួមអចិន្ត្រៃយ៍សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗ ដើម្បី រួមគិត រួមធ្វើ រួមទទួលខុសត្រូវទាំងអស់គ្នា និងត្រូវពង្រឹងយន្តការគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត។
ទី៥៖ បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំងក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ «ទស្សនាស្រុកយើង: ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី» និងកិច្ចសហការជំរុញការអនុវត្តវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី៦៖ ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានល្អប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់ចូលមកកម្ពុជាពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗ នៅក្នុងតំបន់ និងសកលលោក។
ទី៧៖ ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនាការ «កម្ពុជាស្អាត» និង «ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាផង និងអបអរសាទរការរៀប ចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការ « គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសក្នុងវិស័យទេសចរណ៍ សម្រាប់ការបើក ដំណើរការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្មសេវាទេសចរណ៍ ព្រមទាំងការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងដំណាក់កាលងើបឡើងវិញនេះផងដែរ៕