(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបន្តកិច្ចខិតខំ ប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អ ជាមួយនឹងស្ថាប័នរបស់អង្គការសហប្រជាជាតិ និងប្រទេស ជារដ្ឋភាគីទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើពិនិត្យជារួម ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ហើយសង្គមជាតិយើងទាំងមូល នៅតែបន្តតស៊ូប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩នេះ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អ ជាមួយនឹងស្ថាប័នរបស់ អង្គការសហប្រជាជាតិ និងប្រទេស ជារដ្ឋភាគីទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សំដៅលុបបំបាត់ទាំងស្រុង ជំងឺកូវីដ-១៩ និងការពារសុខុមាលភាព របស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងពិភពលោក»។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសមន្ត្រីសុខាភិបាល ជួរមុខ ដែលបានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះអង្គការសហប្រជាជាតិ ជាពិសេស អង្គការសុខភាពពិភពលោក និងបណ្ដាប្រទេស ជាមិត្តទាំងអស់ ដែលបានគាំទ្រដល់កម្ពុជា ទាំងស្មារតី ទាំង សម្ភារៈសុខាភិបាល និងវិធីសាស្ដ្រព្យាបាល និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់ប្រជាជនកម្ពុជា នៅក្នុងស្ថានភាពដ៏លំបាកនេះ។
គូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ អ្នកជំងឺសរុប១៣១នាក់ ត្រូវបានព្យាបាល ឲ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕