ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកទៅប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ខណៈនៅប្រទេសកម្ពុជា បានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ អូមីក្រុងបម្លែងថ្មី ដែលមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ និងជំរុញផងដែរ ទៅទទួលវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ។
យោងតាមសេចក្តីក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានរកឃើញជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី២៨ ខែមិថុនាមក ដោយបានរកឃើញលើអ្នកដំណើរមកពីក្រៅប្រទេស ក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រធ្វើដំណើរទៅក្រៅប្រទេសមួយចំនួន ។
សេចក្តីក្រើនរំលឹក បានបន្តថា ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 BA.5 ដែលមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ នាំឲ្យមានកំណើនឡើងនូវចំនួនករណី ឆ្លងទាំងក្នុងប្រទេសកម្ពុជា តំបន់ និងនៅលើសកលលោក ហើយពពួកថ្មីនេះ ក៏មានលទ្ធភាពអាចបញ្រ្ចៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន ហើយអ្នកឆ្លងអូមីក្រុងបម្លែងថ្មីនេះ មានរោគសញ្ញាមិនខុសពីវីរុសជំនាន់មុនៗនោះទេ ដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្ដាសាយ ធម្មតា ។
ជាមួយគ្នានេះឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដោយទទូច និងសូមក្រើនរំលឹកពលរដ្ឋ ស្ថាប័ន អង្គភាពនានា អាជ្ញាធរ និងសេវាឯកជនទាំងអស់ រួមសាមគ្គីភាពគ្នា ជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុសកូវីដ១៩ សំដៅការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងនៅទីកន្លែងធ្វើការរបស់ខ្លួនផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីបញ្ចៀសនូវការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ សូមប្រជាជនទាំងអស់ ទាំងពលរដ្ឋកម្ពុជា និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជាត្រូវនាំគ្នាបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងនាំគ្នាំទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន ដូសជំរុញ (ទី៣ ទី៤ និងទី៥) ជាចាំបាច់ ដែលមានគម្លាតពីដូសមួយទៅមួយទៀត មានរយៈពេល ៣ខែឡើងទៅ ។
ប្រសិនពលរដ្ឋ មានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ឬលេខ ០១២ ៤៨៨ ៩៨១ និង០១២ ៨៣៦ ៨៦៩ ៕