(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរនៅលើផ្លូវល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់ជាស្ថាពរនោះ។ ការហាមនេះ កើតមានឡើងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរជាច្រើនករណីនៅលើផ្លូវល្បឿនលឿន ជាពិសេសគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដា នេះ បានគូសបញ្ជាក់ថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់ពេលវេលាបានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ៕