ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទំនាក់ទំនងមកភ្នាក់ងារអង្គភាពសារព័ត៌មានយើងខ្ញុំ ដោយរៀបរាប់និងសម្ដែងក្តីបារម្ភយ៉ាងខ្លាំងអំពី«ផ្ទះអាជីវកម្មអ៉ីនធឺណេត24ម៉ោងមានបង្កប់ល្បែងភ្នាល់អនឡាញ» ដែលស្ថិតនៅទីតាំងផ្ទះលេខ82 ផ្លូវលេខ15 សង្កាត់ផ្សារកណ្តាលទី1 (ខាងត្បូងសាលាសង្កាត់ផ្សារកណ្ដាលទី1 ប្រហែល30ម៉ែត្រ )
គឺបើកតំណើរការ24ម៉ោងជារៀងរាល់ថ្ងៃ និងមានមនុស្សប្លែកៗ ចេញចូលគ្រប់ប្រភេទគួរឲ្យកត់សម្គាល់ ពិសេសគឺពេលយប់មានការរំខាននិងស្រែកហ៊ោពីអ្នកដែលចេញចូលកន្លែងខាងលើ
ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ដែលក្នុងភូមិសង្កាត់របស់ខ្លួនមានបើកល្បែងភ្នាល់តាមអនឡាញនៅក្បែរផ្ទះ ព្រោះវាអាចបង្កឲ្យមានរឿងរ៉ាវនិងបញ្ហាចេញពីបុគ្គលញៀនល្បែងចាញ់អស់ទ្រព្យដែលបង្កអោយមានអសន្តិសុខសង្គម (ងាយនឹងកើតមានអំពើរលួច ឆក់ ប្លង់……) ពិសេសប៉ះពាល់ដល់យុវជន យុវតីដែលជាទំពាំងស្នងឫស្សីសំរាប់ប្រទេសជាតិទាំងមូលក៏ដូចជាកូនចៅរបស់ពួកគាត់ផ្ទាល់ផងដែរ ។
អាស្រ័យទៅតាមប្រភពព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋខាងលើ សូមលោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ មេត្តាជួយមានចំណាត់ការទៅលើទីតាំងផ្ទះអាជីវកម្មអ៉ីនធឺណេត24ម៉ោងមានបង្កប់ល្បែងភ្នាល់អនឡាញនេះផង ។
ចេញផ្សាយ៖ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២