(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ឡាវ បានបង្ហាញឆន្ទៈពីការបន្តពន្លឿនការចរចាការបោះបង្គោលព្រំដែន ដែលនៅសេសសល់ ចំនួន ១៤% ទៀត ឲ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ស្តីពីលទ្ធផល កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ (JCBC) ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ (Sokha Phnom Penh Hotel & Resort) នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយធ្វើជាសហប្រធាន ជាមួយ លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្រសួងការបរទេស បានឲ្យដឹងថា សម្រាប់វិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានព្រមព្រៀងគ្នា បង្កើនការត្រួតពិនិត្យ ព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទល្មើស ព្រហ្មទណ្ឌ គ្រប់ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើស ធនធានធម្មជាតិ ការកាប់ឈើ និងបរបាញ់ខុសច្បាប់ និងបទល្មើសផ្សេងៗទៀតនៅ តាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសបានបញ្ជាក់បន្តយ៉ាងដូច្នេះថា «ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើចំណុចសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឲ្យភាគីទាំងពីរ ពន្លឿនការបញ្ចប់ការចរចាពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤% ដើម្បីធ្វើការកសាងខ្សែបន្ទាត់ព្រំដែនរវាង ប្រទេសទាំងពីរ»។
សូមជម្រាបថា ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ មានប្រវែង ៥៤០គីឡូម៉ែត្រ និងត្រូវបោះបង្គោលព្រំដែន ១៤៥បង្គោល។ បច្ចុប្បន្ន ភាគីទាំងពីរបានសម្រេចការបោះបង្គោលព្រំដែន រហូតដល់ទៅ ១២១បង្គោលឯណោះ ឬស្មើនឹង៨៦% ពោលគឺនៅសល់ ១៤%ទៀត ស្ថិតក្នុងខេត្តព្រះវិហារ និងនៅខេត្តស្ទឹងត្រែង៕