ភ្នំពេញ៖ ប្រទេសឡាវ បានបង្ហាញជំហរ បន្តការសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំអាស៊ានទទួលបានជោគជ័យ ហើយអះអាងថា នឹងបន្តគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងពេលចូលជួបសំដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ បានសាទរចំពោះជោគជ័យ ទាំងឡាយរបស់កម្ពុជា និងក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសឡាវ និងបានគោរពសុំអនុសាសន៍ពីសម្តេចផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២កាន់តែប្រសើរឡើង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម សាលើមសៃ ដែល បានពាំនាំជូនសម្ដេចនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតិ និងយករដ្ឋមន្ត្រីឡាវ ហើយក៏បានថ្លែង អំណរគុណផងដែរជូនចំពោះឯកឧត្តម សាលើមសៃ ដែលបានសំដែងការសាទរចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសក្នុងការស្វែង រកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។
សម្ដេចតេជោ មានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ គប្បីរួមគ្នា វាយតម្លៃ និងដាក់ចេញនូវនយោបាយ ដែលជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕