បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាបានរបូត ៣ពិន្ទុសម្រាប់ការប្រកួតទី២ ក្នុងពូលB នៃពានរង្វាន់ AFF U19 Boys Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ក្រោយចាញ់ក្រុម U19 ម៉ាឡេស៊ីទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដាម្សិលមិញ។
ការប្រកួតនេះវគ្គទី១ ក្រុមគោព្រៃជំទង់កម្ពុជាហាក់ធ្វើពុំសូវបានល្អឡើយ ដោយត្រូវក្រុមយុវជនម៉ាឡេស៊ីបើកការនាំមុខមុន ២-០។ ប៉ុន្ដែចូលទី២ ទោះមិនអាចវាយបកយកឈ្នះវិញ តែក្រុម U19 កម្ពុជាបានការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់បន្ថែម និងរកបានគ្រាប់បាល់វាយបក ១គ្រាប់វិញដោយកីឡាករ ចាន់វិបុល ដាវីឌ ទៀតផង។
ការបរាជ័យលើកដំបូងនេះបានធ្វើឲ្យក្រុមយុវជន U19 កម្ពុជាធ្លាក់មកឈរលេខ៣ ក្នុងពូលដោយមាន ៣ពិន្ទុស្មើជាមួយក្រុម U19 ម៉ាឡេស៊ី ឡាវ និងទីម័រខាងកើត មុនបន្ដការប្រកួតទី៣ ដោយក្រុមគោព្រៃជំទង់កម្ពុជាត្រូវជួបក្រុមកំពូលតារាងឡាវនាវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែកក្កដាស្អែកនេះនៅកីឡដ្ឋាន GBK Madya ប្រទេសឥណ្ឌូនេស៊ី៕