ប្រដាល់៖ ជើងខ្លាំងប្រដាល់ថៃ Buakaw Banchamek (ប៊ូខាវ) បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញសមត្ថភាពជាថ្មីនៅក្នុងកម្មវិធី «សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournament 2022 / Kun Khmer Series» នាថ្ងៃទី០៦ ខែកក្កដាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីខ្លួនបានខកខានប្រកួតអស់រយៈពេលប្រមាណ ៣ឆ្នាំដោយសារបញ្ហាកូវីដ-១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី០៣ ខែកក្កដាម្សិលមិញ ដែលទទួលស្វាគមន៍ដោយលោក តូនី អាន់ ប្រធានស្ថានប័ន World Fight ប៊ូខាវ បានសម្ដែងការពេញចិត្តចំពោះការរៀបចំព្រឹត្តិការណ៍ World Fight ដែលជាកម្មវិធីមួយដ៏ធំ ហើយរូបគេបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព មិនឲ្យអ្នកទស្សនាខកបំណងឡើយ ពិសេសជំនួបលើកដំបូងជាមួយកីឡាករប៉េឡារុស Varats Dzmitry តែម្ដង។ គួរដឹងថា ប៊ូខាវនឹងត្រូវប៉ះជើងខ្លាំង Varats Dzmitry ក្នុងនាមគូទី៤ នៃកម្មវិធី «សង្វៀនគុនខ្មែរជើងឯកពិភពលោក» នាល្ងាចថ្ងៃពុធនេះ។ រីឯគូប្រកួត ៤គូផ្សេងទៀតសុទ្ធតែមានកីឡាករ-កីឡាការិនីកម្ពុជាត្រូវតតាំងជាមួយកីឡាករបរទេស ដូចជាកីឡាករ កាន់ ម៉េងហុង ជួបកីឡាករអូស្ដ្រីលី Dylan Eagle ទម្ងន់ ៥៥,៣គីឡូក្រាម។ កីឡាករ បឺត សង្ឃឹម ជួបជើងខ្លាំងថៃ Penthep Eakmuangnon ទម្ងន់ ៥៧,២គីឡូក្រាម។ កីឡាករ ម៉ឺន មេឃា ជួបកីឡាករប្រេស៊ីល Felype Souza ទម្ងន់ ៦១,២គីឡូក្រាម និងកីឡាការិនី ទូច ច័ន្ទវត្តី ជួបកីឡាការិនីអេស្ដូនី Marie Ruumet។
ចំពោះអាជ្ញាធរកីឡារួមមានក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការរៀបចំកម្មវិធីនេះឡើងដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ទាំងការជួយអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរលើឆាកអន្ដរជាតិផង និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង។ ព្រឹត្តិការណ៍នេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័នទៀតផង៕