(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយ លោក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC)។
កិច្ចប្រជុំ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដោយបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖
*(១)៖ វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA)
*(២)៖ ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន
*និង (៣)៖ តួនាទីរបស់គណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់។
បន្ទាប់ពីជំនួបនេះ ប្រេសិតពិសេសនៃប្រធានអាស៊ាន អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានបន្តជួបជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធីដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាសពន្យល់អំពីការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសអាស៊ាន បាន និងកំពុងបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ៕