ភ្នំពេញ៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះ ហើយប្រសិនបើមិនដកចេញទេ បានន័យថា ធនាគារជាតិនៃកម្ពុជា នឹងមានឧបសគ្គក្នុងប្រតិបត្តិការធនាគារនាពេលអនាគត។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាថ្ងៃទី២៩ ខែមិថុនា នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំសមត្ថកិច្ច ត្រូវស្រាវជ្រាវដល់ឫគល់ នៃប្រភពថវិកា ដីធ្លី ទ្រព្យសម្បត្តិ ជាដើម ក្រោយបង្ក្រាបជនល្មើសរកស៊ីគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាកុំឲ្យទ្រព្យសម្បត្តិទាំងអស់នេះ ទៅបម្រើអំពើភេរវកម្ម ឬអំពើនានា ដូច្នេះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្ដប្រយុទ្ធប្រឆាំងអំពើទាំងនេះឲ្យបាន។
សម្តេចក្រឡាហោម បានបញ្ជាក់ថា «បច្ចុបន្នអន្ដរជាតិ បានចាត់ទុកកម្ពុជាក្នុងបញ្ជីប្រផេះ។ បើសិនបញ្ជីប្រផេះនេះ មិនត្រូវបានដកចេញពីកម្ពុជាទេ បានន័យថា ធនាគារជាតិ នឹងមានឧបសគ្គក្នុងប្រតិបត្តិការធនាគារ។ ទាំងនេះហើយជាបញ្ហាដែលត្រូវរួមគ្នា ដើម្បីនឹងប្ដេជ្ញាដកកម្ពុជាចេញបញ្ជីប្រផេះនេះ ហើយទាំងអស់គ្នាមានភារកិច្ច ដើម្បីចូលរួមទាំងអស់គ្នា មិនពឹងទៅលើតែគណៈកម្មាធិការ ឬសមត្ថកិច្ចដែលមានពាក់ព័ន្ធទាំងអស់នោះទេ។ និយាយជារួម ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ សុទ្ធតែមានការពាក់ព័ន្ធ»។
សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា គោលដៅធំបំផុត គឺប្ដេជ្ញាដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះនេះ កាលណាក្រសួង-ស្ថាប័នមួយចំនួន មិនយកចិត្តទុកដាក់ គឺមិនអាចទទួលបានជោគជ័យឡើយ ក្នុងប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នេះ ដោយកិច្ចការនេះត្រូវធ្វើការងារជាក្រុម៕