(កៀវ)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នាថ្ងៃពុធនេះ ក្នុងគោលបំណងជួយឱ្យមានកិច្ចចរចាសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែនឡើងវិញ ក៏ដូចជាស្វែងរកមធ្យោបាយ ដើម្បីរំដោះការនាំចេញគ្រាប់ធញ្ញជាតិ ទៅកាន់ទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
គេហទំព័រប្រធានាធិបតីឥណ្ឌូណេស៊ីបានឲ្យដឹងថា លោក វីដូដូ និងភរិយា បានមកដល់រដ្ឋធានីកៀវ របស់អ៊ុយក្រែន តាមរថភ្លើង។ ក្នុងឋានៈជាប្រធាននៃក្រុមប្រទេស G20 និងជាមេដឹកនាំពិភពលោកមួយរូប ក្នុងចំណោមមេដឹកនាំពិភពលោកចំនួន៦ផ្សេងទៀត ដែលអង្គការសហប្រជាជាតិបានចាត់តាំងជា «ជើងឯក» នៃក្រុមការងារឆ្លើយតបវិបត្តិសកល ហៅកាត់ថា (GCRG) ដែលបង្កើតឡើងដើម្បីដោះស្រាយការគំរាមកំហែងនៃភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស ង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែននោះ លោក វីដូដូ បានប្តេជ្ញាចិត្តក្នុងការដោះស្រាយ នូវបញ្ហាឡើងថ្លៃអាហារ និងថាមពល ដែលបណ្តាលឲ្យមានការខ្វះខាតស្បៀង និងថាមពល ហើយនាំឲ្យមានអតិផរណានៅក្នុងប្រទេសជាច្រើន។
គួរបញ្ជាក់ថា លោក វីដូដូ នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) មុនពេលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ គេរំពឹងថាមេដឹកនាំឥណ្ឌូណេស៉ីរូបនេះ នឹងស្នើដល់លោកពូទីនឲ្យយល់ព្រមលើបទឈប់បាញ់៕